សេចក្តីសង្ខេប
យន្តការកំណត់ប្រាក់ឈ្នួលផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង និងសមិទ្ធិផលសម្រេចបាន
ក. យន្តការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង នៅកម្ពុជា
យោងតាមមាត្រា ៣៥៧ នៃច្បាប់ស្តីពីការងារ ឆ្នាំ១៩៩៧ គណៈកម្មការប្រឹក្សាការងារ គឺជាអ្នកដឹកនាំពិភាក្សា និងស្នើនូវអត្រាបា្រក់ឈ្នួលអប្បបរមា។ គណៈកម្មការប្រឹក្សាការងារ មានសមាសភាពមកពី៣ភាគី៖ ភាគីរាជរដ្ឋាភិបាលចំនួន១៤រូប, ភាគីតំណាងកម្មករនិយោជិត(សហជីព)ចំនួន៧រូប និង ភាគីតំណាងនិយោជក(សមាគមនិយោជក)ចំនួន៧រូប។ ចាប់ពីឆ្នាំ២០០០ តាមរយៈគណៈកម្មការនេះ (យន្តការត្រីភាគី) ប្រាក់ឈ្នួលអប្បបរមា និងប្រាក់អត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ត្រូវបានកំណត់ជាបន្តបន្ទាប់ស្របតាមស្ថានភាពសេដ្ឋកិច្ច និងសង្គម ដែលជាលក្ខខណ្ឌចាំបាច់ ដូចមានចែងក្នុង វាក្យខណ្ឌទី៣ មាត្រា១០៧ នៃច្បាប់ស្តីពីការងារ ដែលដូចគ្នាទាំងស្រុងទៅនឹង មាត្រា៣ នៃអនុសញ្ញាលេខ១៣១ ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់អង្គការអន្តរជាតិខាងការងារ (ILO) ឆ្នាំ១៩៧០។
នៅដើមអាណត្តិទី៥ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្ថែមការយកចិត្តទុកដាក់ យ៉ាងខ្លាំងលើបញ្ហាប្រាក់ឈ្នួលអប្បបរមា ដោយបានរៀបចំសិក្ខាសាលាត្រីភាគីថ្នាក់ជាតិមួយ ក្រោមជំនួយបច្ចេកទេសរបស់អង្គការ ILO កាលពីថ្ងៃទី២៤ដល់២៥ខែមេសា ឆ្នាំ២០១៤ ភាគីពាក់ព័ន្ធ និងគណៈកម្មការប្រឹក្សាការងារបានទទួលយកនូវ៖
«គោលការណ៍ចំនួន៥»៖ (១)ត្រូវតែធ្វើឡើងជារៀងរាល់ឆ្នាំ, (២)ត្រូវតែជាតួលេខឬអត្រាកំណើនដែលអាចព្យាករបាន, (៣)យកគោលការណ៍ឈ្នះ-ឈ្នះ, (៤)សម្រេចចិត្តត្រូវធ្វើឡើងដោយមតិជាឯកច្ឆន្ទក្នុងករណីមិនមានការឯកភាពជាឯកច្ឆន្ទនៅក្នុងកិច្ចប្រជុំលើកទី២, (៥)ត្រូវផ្អែកលើទិន្នន័យផ្លូវការដែលផលិតដោយភ្នាក់ងារ ឬស្ថាប័នជាតិ។
«លក្ខណវិនិច្ឆ័យបែបសង្គមនិងសេដ្ឋកិច្ចចំនួន៧»៖ ស្ថានភាពគ្រួសារ អត្រាអតិផរណា ការចំណាយក្នុងការរស់នៅ ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ។
«កាលវិភាគនៃការចរចា»៖ ចាប់ផ្តើមពីខែកក្កដាដល់ខែតុលា សម្រាប់ការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំបន្ទាប់នៅកម្ពុជាត្រូវបានអនុវត្តចាប់ពីខែមករានាឆ្នាំបន្ទាប់។
គោលការណ៍, លក្ខណវិនិច្ឆ័យ និងកាលវិភាគនៃការចរចាទាំងនេះ គឺអាចទទួលយកបានពីគ្រប់ភាគី ហើយត្រូវបានយកមកអនុវត្ត រហូតមកដល់ពេលបច្ចុប្បន្ន។
«ការបង្កើតក្រុមការងារបច្ចេកទេសត្រីភាគី»៖ បន្ថែមលើយន្តការគណៈកម្មការប្រឹក្សាការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបងើ្កតឱ្យមាន “ក្រុមការងារបច្ចេកទេសត្រីភាគី” ដែលមានសមាសភាព មកពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីនិយោជក និងតំណាងភាគីសហជីព ដែលមានចំនួនស្មើៗគ្នា ដើម្បីពិភាក្សាការងារបច្ចេកទេសលម្អិតលើលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច និងដើម្បីផ្តល់ជារបាយការណ៍នៃកិច្ចពិភាក្សារបស់ខ្លួនជូនគណៈកម្មការប្រឹក្សាការងារដើម្បីពិនិត្យសម្រេច។ ក្រុមការងារនេះមានសមាសភាព ២៧រូប សម្រាប់ការពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០១៥ និងត្រូវបានបង្កើនដល់ចំនួន ៤៨រូប សម្រាប់ការពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០១៦ ឆ្នាំ២០១៧ និងឆ្នាំ២០១៨។
ជាលទ្ធផលនៃការអនុវត្តតាម យន្តការ គោលការណ៏ លក្ខណវិនិច្ឆ័យ និងកាលវិភាគខាងលើ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងពីឆ្នាំ២០១៤ ដល់ ២០២៤ មានការកើនឡើងគួរឱ្យកត់សម្គាល់។
ខ. សមិទ្ធផលចេញពីការប្រើប្រាស់យន្តការកំណត់ប្រាក់ឈ្នួលអប្បបរមា
ជាលទ្ធផល ប្រាក់ឈ្នួលអប្បបរមាសម្រាប់ផ្នែកនេះត្រូវបានបន្តកើនឡើងជាបន្តបន្ទាប់ពី ៤០ដុល្លារអាម៉េរិក ក្នុងមួយខែ នៅឆ្នាំ១៩៩៧ (មុនយន្តការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា) ទៅដល់ ១៤៥ដុល្លារអាម៉េរិក ក្នុងមួយខែ នៅឆ្នាំ២០១៥ (ពេលចាប់ផ្តើមយន្តការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា) និងត្រូវបានដំឡើងដល់ ២០៤ដុល្លារអាម៉េរិក ក្នុងមួយខែ សម្រាប់ឆ្នាំ២០២៤ និងបន្តរក្សាអត្ថប្រយោជន៍ផ្សេងៗ របស់កម្មករនិយោជិតនៅដដែល រួមមាន៖ ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារអាម៉េរិកក្នុងមួយខែ, ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារអាម៉េរិកក្នុងមួយខែ, ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន ២ ០០០រៀល ក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ, និងប្រាក់រង្វាន់អតីតភាពការងារចំនួនពី ២ដុល្លារអាម៉េរិកដល់ ១១ដុល្លារអាម៉េរិកក្នុងមួយខែ សម្រាប់កម្មករនិយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១។ ដូចនេះនៅក្នុងឆ្នាំ២០២៤ ដោយបូករួមទាំងប្រាក់រង្វាន់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ កម្មករនិយោជិតម្នាក់ៗទទួលបានប្រាក់ឈ្នួលជាមធ្យមចាប់ពី ២២១ដុល្លារអាម៉េរិក ទៅ២៣២ដុល្លារអាម៉េរិកក្នុងមួយខែ។
ការវិវត្តនៃប្រាក់ឈ្នួលអប្បបរមា និងប្រាក់អត្ថប្រយោជន៍ផ្សេងៗនៅកម្ពុជា (ជាដុល្លារអាម៉េរិក/ខែ)
កាលបរិច្ឆេទនៃការចាប់ផ្តើមអនុវត្ត | ប្រាក់ឈ្នួលអប្បបរមា | ប្រាក់រង្វាន់ធ្វើការទៀងទាត់ | ប្រាក់សោហ៊ុយ ធ្វើដំណើរ និងស្នាក់នៅ | ប្រាក់ថែទំាសុខភាព | ប្រាក់ឧបត្ថម្ភជីវភាព | ប្រាក់រង្វាន់អតីតភាពការងារ | ប្រាក់ឈ្នូលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗ | |
តិចបំផុត | ច្រើនបំផុត | |||||||
១ មករា ២០២៤ | ២០៤ | ១០ | ៧ | ម.អ | ម.អ | (ពី ០ ទៅ១១) | ២២១ | ២៣២ |
១ មករា ២០២៣ | ២០០ | ១០ | ៧ | ម.អ | ម.អ | (ពី ០ ទៅ១១) | ២១៧ | ២២៨ |
១ មករា ២០២២ | ១៩៤ | ១០ | ៧ | ម.អ | ម.អ | (ពី ០ ទៅ១១) | ២១១ | ២២២ |
១ មករា ២០២១ | ១៩២ | ១០ | ៧ | ម.អ | ម.អ | (ពី ០ ទៅ១១) | ២០៩ | ២២០ |
១ មករា ២០២០ | ១៩០ | ១០ | ៧ | ម.អ | ម.អ | (ពី ០ ទៅ១១) | ២០៧ | ២១៨ |
១ មករា ២០១៩ | ១៨២ | ១០ | ៧ | ម.អ | ម.អ | (ពី ០ ទៅ១១) | ១៩៩ | ២១០ |
១ មករា ២០១៨ | ១៧០ | ១០ | ៧ | ម.អ | ម.អ | (ពី ០ ទៅ១១) | ១៨៧ | ១៩៨ |
១ មករា ២០១៧ | ១៥៣ | ១០ | ៧ | ម.អ | ម.អ | (ពី ០ ទៅ១១) | ១៧០ | ១៨១ |
១ មករា ២០១៦ | ១៤០ | ១០ | ៧ | ម.អ | ម.អ | (ពី ០ ទៅ១១) | ១៥៧ | ១៦៨ |
១ មករា ២០១៥ | ១២៨ | ១០ | ៧ | ម.អ | ម.អ | (ពី ០ ទៅ១១) | ១៤៥ | ១៥៦ |
១ កុម្ភៈ ២០១៤ | ១០០ | ១០ | ៧ | ម.អ | ម.អ | (ពី ០ ទៅ១១) | ១១៧ | ១២៨ |
១ ឧសភា ២០១៣ | ៨០ | ១០ | ៧ | ម.អ | ម.អ | (ពី ០ ទៅ១១) | ៩៧ | ១០៨ |
១ កញ្ញា ២០១២ | ៦១ | ១០ | ៧ | ៥ | ម.អ | (ពី ០ ទៅ១១) | ៨៣ | ៩៤ |
១ មករា ២០១២ | ៦១ | ៧ | ម.អ | ៥ | ម.អ | (ពី ០ ទៅ១១) | ៧៣ | ៨៤ |
១ មីនា ២០១១ | ៦១ | ៧ | ម.អ | ម.អ | ម.អ | (ពី ០ ទៅ១១) | ៦៨ | ៧៩ |
១ តុលា ២០១០ | ៦១ | ៥ | ម.អ | ម.អ | ម.អ | (ពី ០ ទៅ ៥) | ៦៦ | ៧១ |
១ មេសា ២០០៨ | ៥០ | ៥ | ម.អ | ម.អ | ៦ | (ពី ០ ទៅ ៥) | ៦១ | ៦៦ |
១ មករា ២០០៧ | ៥០ | ៥ | ម.អ | ម.អ | ម.អ | (ពី ០ ទៅ ៥) | ៥៥ | ៦០ |
១ សីហា ២០០០ | ៤៥ | ៥ | ម.អ | ម.អ | ម.អ | (ពី ០ ទៅ ៥) | ៥០ | ៥៥ |
១៩៩៧ | ៤០ | ម.អ | ម.អ | ម.អ | ម.អ | (ពី ០ ទៅ ៥) | ៤០ | ៤០ |
សម្គាល់៖ ម.អ ៖ មិនអនុវត្ត
ប្រភព៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
គ. ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា
ដោយឃើញពីស័ក្តិសិទ្ធិភាពនៃយន្តការនេះ នៅឆ្នាំ២០១៦ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្តួចផ្ដើមរៀបចំ សេចក្ដីព្រាងច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមាដោយប្រែក្លាយគោលការណ៍ដែលបានព្រមព្រៀងរវាងត្រីភាគីកាលពីសិក្ខាសាលាថ្នាក់ជាតិនាខែមេសាឆ្នាំ២០១៤ ឱ្យក្លាយជាច្បាប់ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។ ដោយផ្អែកលើការអនុវត្តកន្លងមកយន្តការដែលទទួលបានការឯកភាពគ្នានេះបានធ្វើឱ្យការពិភាក្សាប្រាក់ឈ្នួលអប្បបរមាកាន់តែ មានភាពចាស់ទុំជាងមុនហើយភាគីពាក់ព័ន្ធកាន់តែទទួលបានទំនុកចិត្តទៅលើអត្រាកំណើននៃប្រាក់ឈ្នួលអប្បបរមា។ ច្បាប់នេះបានប្រកាសដាក់ឱ្យប្រើប្រាស់តាមព្រះរាជក្រមលេខ នស/រកម/០៧១៨/០១៥ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ ។