អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

សេចក្តីសង្ខេប

យន្តការកំណត់ប្រាក់ឈ្នួលផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង និងសមិទ្ធិផលសម្រេចបាន

ក. យន្តការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង នៅកម្ពុជា

យោងតាមមាត្រា ៣៥៧ នៃច្បាប់ស្តីពីការងារ ឆ្នាំ១៩៩៧ គណៈកម្មការប្រឹក្សាការងារ គឺជាអ្នកដឹកនាំពិភាក្សា និងស្នើនូវ​អត្រាបា្រក់ឈ្នួលអប្បបរមា។ គណៈកម្មការប្រឹក្សាការងារ មានសមាសភាពមកពី៣ភាគី៖ ​ភាគីរាជរដ្ឋាភិបាល​ចំនួន១៤រូប, ភាគីតំណាងកម្មករនិយោជិត(សហជីព)ចំនួន៧រូប និង ភាគីតំណាងនិយោជក(សមាគម​និយោជក)​ចំនួន៧​រូប។​ ចាប់ពីឆ្នាំ២០០០ តាមរយៈគណៈកម្មការនេះ (យន្តការត្រីភាគី) ប្រាក់ឈ្នួលអប្បបរមា និងប្រាក់អត្ថ​ប្រយោជន៍​ផ្សេងៗ​​​​របស់កម្មករនិយោជិត​ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ត្រូវបានកំណត់​ជា​បន្តបន្ទាប់​ស្របតាម​ស្ថានភាពសេដ្ឋកិច្ច និងសង្គម ដែល​ជា​លក្ខខណ្ឌ​​ចាំបាច់ ដូចមានចែងក្នុង វាក្យខណ្ឌទី៣ មាត្រា១០៧ នៃច្បាប់ស្តីពីការងារ ដែល​ដូចគ្នាទាំងស្រុងទៅនឹង មាត្រា៣ នៃអនុសញ្ញាលេខ១៣១ ស្តីពី​ការកំណត់ប្រាក់ឈ្នួល​អប្បបរមា​​រ​បស់អង្គការអន្តរជាតិខាងការងារ (ILO) ឆ្នាំ១៩៧០។

នៅដើមអាណត្តិទី៥ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្ថែមការ​យកចិត្តទុក​ដាក់ យ៉ាងខ្លាំងលើបញ្ហាប្រាក់ឈ្នួលអប្បបរមា ដោយ​បាន​​រៀបចំសិក្ខាសាលាត្រីភាគីថ្នាក់ជាតិមួយ ក្រោម​ជំនួយ​បច្ចេកទេសរបស់អង្គការ ILO កាលពីថ្ងៃទី២៤ដល់២៥ខែមេសា ឆ្នាំ២០១៤ ភាគីពាក់ព័ន្ធ និងគណៈកម្មការប្រឹក្សា​ការងារ​បានទទួលយកនូវ៖

«គោលការណ៍ចំនួន៥»​៖ (១)ត្រូវតែធ្វើឡើងជារៀងរាល់ឆ្នាំ, (២)ត្រូវតែជាតួលេខឬអត្រាកំណើនដែលអាច​ព្យាករ​​បាន, (៣)យកគោលការណ៍​ឈ្នះ-ឈ្នះ, (៤)សម្រេចចិត្តត្រូវធ្វើឡើងដោយមតិជាឯកច្ឆន្ទក្នុងករណីមិនមានការ​ឯកភាពជាឯកច្ឆន្ទ​នៅក្នុង​កិច្ច​ប្រជុំ​លើក​ទី២​, (៥)ត្រូវផ្អែកលើទិន្នន័យផ្លូវការដែលផលិតដោយភ្នាក់ងារ ឬស្ថាប័នជាតិ។

«លក្ខណវិនិច្ឆ័យបែបសង្គមនិងសេដ្ឋកិច្ចចំនួន៧»៖ ស្ថានភាព​គ្រួសារ អត្រាអតិផរណា ការ​ចំណាយក្នុង​ការរស់នៅ ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ។

«កាលវិភាគនៃការចរចា»៖ ចាប់ផ្តើមពីខែកក្កដាដល់ខែតុលា សម្រាប់ការកំណត់ប្រាក់ឈ្នួលអប្បបរមា​ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំបន្ទាប់នៅកម្ពុជាត្រូវបានអនុវត្តចាប់ពីខែមករានាឆ្នាំបន្ទាប់។

គោលការណ៍​, លក្ខណវិនិច្ឆ័យ និងកាលវិភាគនៃការចរចាទាំងនេះ គឺអាចទទួលយកបានពីគ្រប់ភាគី ហើយត្រូវបានយកមក​អនុវត្ត រហូតមកដល់ពេលបច្ចុប្បន្ន។

«ការបង្កើតក្រុមការងារបច្ចេកទេសត្រីភាគី»៖ ​​បន្ថែមលើយន្តការគណៈកម្មការប្រឹក្សាការងារ ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ បានបងើ្កតឱ្យមាន “ក្រុមការងារបច្ចេកទេសត្រីភាគី” ដែលមានសមាសភាព មកពី​តំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីនិយោជក និងតំណាងភាគីសហជីព ដែលមានចំនួនស្មើៗគ្នា ដើម្បីពិភាក្សា​ការងារ​បច្ចេកទេស​លម្អិត​លើ​​លក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច និងដើម្បីផ្តល់ជារបាយការណ៍នៃ​កិច្ចពិភាក្សារបស់ខ្លួន​ជូនគណៈកម្មការ​ប្រឹក្សា​ការងារដើម្បីពិនិត្យសម្រេច។ ក្រុមការងារនេះ​​មានសមាសភាព ២៧រូប សម្រាប់ការពិភាក្សា​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ២០១៥ និងត្រូវបានបង្កើនដល់ចំនួន​ ៤៨រូប សម្រាប់ការពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០១៦ ឆ្នាំ២០១៧ និងឆ្នាំ២០១៨។

ជាលទ្ធផលនៃការអនុវត្តតាម យន្តការ គោលការណ៏ លក្ខណវិនិច្ឆ័យ និងកាលវិភាគខាងលើ ប្រាក់ឈ្នួល​អប្បបរមា​​របស់​កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងពីឆ្នាំ២០១៤​ ដល់ ២០២២ មានការកើនឡើងគួរឱ្យ​កត់​សម្គាល់។

ខ. សមិទ្ធផលចេញពីការប្រើប្រាស់យន្តការកំណត់ប្រាក់ឈ្នួលអប្បបរមា

ជាលទ្ធផល ប្រាក់ឈ្នួលអប្បបរមាសម្រាប់ផ្នែកនេះត្រូវបានបន្តកើនឡើងជាបន្តបន្ទាប់ពី ៤០ដុល្លារអាម៉េរិក ក្នុងមួយខែ នៅឆ្នាំ១៩៩៧ (មុនយន្តការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា) ទៅដល់ ១៤៥ដុល្លារអាម៉េរិក ក្នុងមួយខែ នៅឆ្នាំ២០១៥ (ពេលចាប់ផ្តើមយន្តការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា) និងត្រូវបានដំឡើងដល់ ១៩៤ដុល្លារអាម៉េរិក ក្នុងមួយខែ សម្រាប់ឆ្នាំ២០២២ និងបន្តរក្សាអត្ថប្រយោជន៍ផ្សេងៗ របស់កម្មករនិយោជិតនៅដដែល រួមមាន៖ ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារអាម៉េរិកក្នុងមួយខែ, ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារអាម៉េរិកក្នុងមួយខែ, ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន ២ ០០០រៀល ក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ, និងប្រាក់រង្វាន់អតីតភាពការងារចំនួនពី ២ដុល្លារអាម៉េរិកដល់ ១១ដុល្លារអាម៉េរិកក្នុងមួយខែ សម្រាប់កម្មករនិយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១។ ដូចនេះនៅក្នុងឆ្នាំ២០២២ ដោយបូករួមទាំងប្រាក់រង្វាន់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ កម្មករនិយោជិតម្នាក់ៗទទួលបានប្រាក់ឈ្នួលជាមធ្យមចាប់ពី ២១១ដុល្លារអាម៉េរិក ទៅ ២២២ដុល្លារអាម៉េរិកក្នុងមួយខែ។

ការវិវត្តនៃប្រាក់ឈ្នួលអប្បបរមា និងប្រាក់អត្ថប្រយោជន៍ផ្សេងៗនៅកម្ពុជា (ជាដុល្លារអាម៉េរិក/ខែ)

កាលបរិច្ឆេទនៃការចាប់ផ្តើមអនុវត្ត ប្រាក់ឈ្នួលអប្បបរមា ប្រាក់រង្វាន់ធ្វើការទៀងទាត់​ ប្រាក់សោហ៊ុយ ធ្វើដំណើរ និង

ស្នាក់នៅ

ប្រាក់ថែទំាសុខភាព ប្រាក់ឧបត្ថម្ភជីវភាព​ ប្រាក់រង្វាន់អតីតភាពការងារ ប្រាក់ឈ្នូលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗ
តិចបំផុត ច្រើនបំផុត
១ មករា ២០២២ ១៩៤ ១០ ម.អ ម.អ (ពី ០ ទៅ១១) ២១១ ២២២
១ មករា ២០២១ ១៩២ ១០ ម.អ ម.អ (ពី ០ ទៅ១១) ២០៩ ២២០
១ មករា ២០២០ ១៩០ ១០ ម.អ ម.អ (ពី ០ ទៅ១១) ២០៧ ២១៨
១ មករា ២០១៩ ១៨២ ១០ ម.អ ម.អ (ពី ០ ទៅ១១) ១៩៩ ២១០
១ មករា ២០១៨ ១៧០ ១០ ម.អ ម.អ (ពី ០ ទៅ១១) ១៨៧ ១៩៨
១ មករា ២០១៧ ១៥៣ ១០ ម.អ ម.អ (ពី ០ ទៅ១១) ១៧០ ១៨១
១ មករា ២០១៦ ១៤០ ១០ ម.អ ម.អ (ពី ០ ទៅ១១) ១៥៧ ១៦៨
១ មករា ២០១៥ ១២៨ ១០ ម.អ ម.អ (ពី ០ ទៅ១១) ១៤៥ ១៥៦
១ កុម្ភៈ ២០១៤ ១០០ ១០ ម.អ ម.អ (ពី ០ ទៅ១១) ១១៧ ១២៨
១ ឧសភា ២០១៣ ៨០ ១០ ម.អ ម.អ (ពី ០ ទៅ១១) ៩៧ ១០៨
១ កញ្ញា ២០១២ ៦១ ១០ ម.អ (ពី ០ ទៅ១១) ៨៣ ៩៤
១ មករា ២០១២ ៦១ ម.អ ម.អ (ពី ០ ទៅ១១) ៧៣ ៨៤
១ មីនា ២០១១ ៦១ ម.អ ម.អ ម.អ (ពី ០ ទៅ១១) ៦៨ ៧៩
១ តុលា ២០១០ ៦១ ម.អ ម.អ ម.អ (ពី ០ ទៅ ៥) ៦៦ ៧១
១ មេសា ២០០៨ ៥០ ម.អ ម.អ (ពី ០ ទៅ ៥) ៦១ ៦៦
១ មករា ២០០៧ ៥០ ម.អ ម.អ ម.អ (ពី ០ ទៅ ៥) ៥៥ ៦០
១ សីហា ២០០០ ៤៥ ម.អ ម.អ ម.អ (ពី ០ ទៅ ៥) ៥០ ៥៥
១៩៩៧ ៤០ ម.អ ម.អ ម.អ ម.អ (ពី ០ ទៅ ៥) ៤០ ៤០

សម្គាល់៖ ម.អ ៖ មិនអនុវត្ត
ប្រភព៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

ប្រាក់ឈ្នួលអប្បបរមារបស់ប្រទេសកម្ពុជា និងប្រទេសផ្សេងៗសម្រាប់ឆ្នាំ២០២២

ប្រភព៖ ទិន្នន័យចងក្រងដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្អែកលើទិន្នន័យជាតិ។ អត្រាប្តូរប្រាក់បានមកពី IMF ត្រីមាសទី១ ឆ្នាំ២០២១។

តាមរយៈការប្រើប្រាស់យន្តការដែលទទួលបានការឯកភាពពីភាគីទាំង៣ យើងអាចទទួលបានការចរចានិងកំណត់ប្រាក់ឈ្នួលអប្បបរមា ប្រកបដោយសន្តិភាព ការទទួលខុសត្រូវ និងភាពចាស់ទុំ។ ជាមួយនឹងភាពជោគជ័យដ៏ថ្លៃថ្លានេះ និងដើម្បីរក្សាសន្តិភាព និងស្ថិរភាព ក្នុងផ្នែកនេះ ការដាក់ឱ្យមានជាយន្តការកាន់តែរឹងមាំគឺជាការចាំបាច់។

គ.​ ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា

ដោយឃើញពីស័ក្តិសិទ្ធិភាពនៃយន្តការនេះ នៅឆ្នាំ២០១៦​ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ​បាន​ផ្តួចផ្ដើម​​​រៀបចំ​​ សេចក្ដីព្រាងច្បាប់ស្ដីពីប្រាក់​ឈ្នួល​អប្បបរមាដោយប្រែក្លាយគោលការណ៍ដែលបានព្រមព្រៀង​រវាងត្រីភាគី​កាល​​ពី​សិក្ខាសាលា​ថ្នាក់ជាតិនាខែមេសាឆ្នាំ២០១៤ ឱ្យក្លាយជាច្បាប់ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ​និងអាច​អនុវត្ត​បានប្រកបដោយប្រសិទ្ធភាព។​ ដោយផ្អែកលើការអនុវត្តកន្លងមក​យន្តការ​ដែល​​ទទួល​បានការឯកភាពគ្នានេះបាន​ធ្វើឱ្យការពិភាក្សា​ប្រាក់ឈ្នួលអប្បបរមាកាន់​តែ មាន​ភាព​ចាស់ទុំជាងមុនហើយភាគីពាក់ព័ន្ធ​កាន់តែ​ទទួលបាន​ទំនុកចិត្ត​ទៅលើអត្រាកំណើននៃប្រាក់ឈ្នួលអប្បបរមា។ ច្បាប់នេះ​បាន​ប្រកាសដាក់ឱ្យប្រើប្រាស់តាមព្រះរាជក្រមលេខ នស/រកម/០៧១៨/០១៥ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ ។