នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៩៖០០នាទីព្រឹក អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (អ.ក.ជ.ប.អ) បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់ លោក ប្រុញ សុភាណា អគ្គលេខាធិការស្តីទី ដោយមាន ការចូលរួមពីគ្រប់ថ្នាក់ដឹកនាំ និងមន្ត្រីនៃ អ.ក.ជ.ប.អ.។
កិច្ចប្រជុំនេះមានការធ្វើបទបង្ហាញអំពីលទ្ធផលការងារប្រចាំ ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៤ របស់ផ្នែកសិក្សាស្រាវជា្រវ ផ្នែកគាំទ្រទូទៅ និងហិរញ្ញវត្ថុ ផ្នែកផែនការ និងសហប្រតិបត្តិការ ដូចខាងក្រោម៖
១. លទ្ធផលការងារប្រចាំឆ្នាំ២០២៣ ផ្នែកទាំង៣ នៃអ.ក.ជ.ប.អ. បានសម្រេច តាមការកំណត់ និងបានចូលរួមយ៉ាងសកម្មកក្នុងការងារគាំទ្របេសកម្មក្រសួង និងការងារដែលថ្នាក់ដឹកនាំប្រគល់មកឱ្យ។
២. ទិសដៅការងារបន្តសំខាន់ៗឆ្នាំ២០២៤
– បន្តពង្រឹងយន្តការកំណត់ប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗរបស់ កម្មករនិយោជិត
– សិក្សា អង្កេត ស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាពលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច និងសង្គមទៅតាមបច្ចេកទេស វិទ្យាសាស្រ្ត ព្រមទាំងសិក្សាលទ្ធភាព ក្នុងការបង្កើតសន្ទស្សន៍ សមាសធាតុលក្ខណវិនិច្ឆ័យ (Composite Index) សម្រាប់វាស់វែងកត្តានានាដែល មិនទាន់អាចវាស់វែងជាក់លាក់
– បន្តសិក្សា និងពិនិត្យលទ្ធភាពពង្រីកវិសាលភាពប្រាក់ឈ្នួលអប្បបរមា ទៅវិស័យផ្សេង
– បន្តការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីប្រាក់ឈ្នួលអប្បបរមា
– បន្តសិក្សាស្រាវជ្រាវគោលនយោបាយប្រាក់ឈ្នួលអប្បបរមា
– បន្តបញ្ចប់ LMU Bulletin និងធ្វើបច្ចុប្បន្នភាពប្រចាំឆមាស និងប្រចាំឆ្នាំ ក្រោមការដឹកនាំរបស់ ឯកឧត្ដម គួច សុមាន
-បន្តការគាំទ្រដល់បេសកម្មរបស់ក្រសួងដែលថ្នាក់ដឹកនាំប្រគល់ឱ្យ។
ជាកិច្ចបន្ទាប់ លោកអគ្គលេខាធិការស្តីទីបានផ្តល់ការណែនាំ ដូចខាងក្រោម៖
-បន្តកសាងសមត្ថភាពមន្ត្រីគ្រប់លំដាប់ថ្នាក់ ជាពិសេសលើជំនាញ Digital
-យកចិត្តទុកដាក់លើអវត្តមានមន្ត្រីឲ្យបានច្បាស់លាស់
-ត្រូវចេះរំលែកចំណេះដឹងគ្នាទៅវិញទៅមក តាមរយៈទស្សនៈកិច្ចសិក្សា តាមស្ថាប័នផ្សេងៗ
-រាល់ឯកសារគោលនយោបាយ លិខិតគតិយុត្តត្រូវចេះចែករំលែកគ្នា ដោយដាក់ ចូលក្នុង One drive សម្រាប់មន្រ្តីពាក់ព័ន្ធអាចចូលមើល និងទាញយកទុក ជាឯកសារ
-គ្រប់ផ្នែកត្រូវបញ្ចប់ផែនការលម្អិតសម្រាប់ឆ្នាំ២០២៤ ត្រឹមខែមករាខាងមុននេះ។