អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
Newsព្រឹត្តិការណ៍

កម្ពុជា-ហ្វីលីពីន ប្តេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងអាស៊ាន

(ភ្នំពេញ)៖ នៅក្នុងជំនួបរវាង ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងលោកជំទាវ ម៉ារៀ អាមេលីតា ស៊ី អាគីណូ (MARIA AMELITA C.AQUINO) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួង ភាគីទាំងពីរបានពិភាក្សាគ្នានូវអ្វីដែលជាក្របខណ្ឌរបស់ប្រទេសទាំងពីរ ដែលបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាដ៏ល្អកន្លងមក ជាពិសេសក្នុងពេលដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានាធិបតីហ្វីលីពីនមកកាន់កម្ពុជាកាលពីឆ្នាំ២០១៦ ដែលកម្ពុជា និងហ្វីលីពីនបានចុះអនុស្សារណៈយោគយល់គ្នា ស្តីអំពីកិច្ចសហប្រតិបត្តិការទៅលើវិស័យការងារ ដែលតាមរយៈនេះ ប្រទេសទាំងពីរមានការងារជាច្រើនត្រូវធ្វើការជាមួយគ្នា ហើយក៏មានសេចក្តីថ្លែងការណ៍រួមមួយរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលផ្តោតទៅលើការជួយគាំទ្រ និងជួយគ្នាទៅវិញទៅមកក្នុងការជួយដោះស្រាយ និងផ្តល់កិច្ចគាំពារទៅលើបញ្ហាពលរដ្ឋ ក៏ដូចជា ពលករទេសន្តរប្រវេសន៍ការងារ ដោយសារតែហ្វីលីពីន មានស្ថានទូតជាច្រើនទូទាំងពិភពលោក និងការិយាល័យអនុព័ន្ធការងារក៏ដូចជាការិយាល័យខាងផ្នែកផ្តល់កិច្ចគាំពារទៅដល់ពលករទេសន្តប្រវេសន៍នៅស្ទើរគ្រប់ប្រទេសទូទាំងពិភពលោក ។តាមរយៈកិច្ចព្រមព្រៀង ឬក៏សេចក្តីថ្លែងការណ៍រួមនេះ យើងបានឯកភាពគ្នា ជួយគ្នានៅពេលដែលពលរដ្ឋរបស់ហ្វីលីពីន ឬពលរដ្ឋកម្ពុជា ដែលមានបញ្ហាក្នុងបណ្តាប្រទេសផ្សេងៗ ដែលពុំមានស្ថានទូត និងមិនមានអនុព័ន្ធការងារសម្រាប់ជួយផ្តល់នូវការគាំពារទៅដល់ពួកគាត់ណាមួយ ពលរដ្ឋកម្ពុជាយើងអាចស្វែងរកនូវជំនួយពីស្ថានទូតហ្វីលីពីននៅប្រទេសនោះ ដែលកន្លងមកយើងបានធ្វើការជាមួយគ្នាបានយ៉ាងល្អលើកិច្ចសហប្រតិបត្តិការនេះ។

លោកជំទាវអគ្គរដ្ឋទូតបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់ការការពារ និងគាំពារយ៉ាងល្អដល់ពលរដ្ឋហ្វីលីពីដែលកំពុងស្នាក់នៅ និងធ្វើការនៅកម្ពុជាប្រមាណជិត ៥០០០នាក់ ដែលពួកគេទទួលបាននូវការការពារសិទ្ធិ និងអត្ថប្រយោជន៍ដូចកម្មករនិយោជិតកម្ពុជាដែរ ជាពិសេសបានទទួលអត្ថប្រយោជន៍ពីសមាជិកភាពរបស់បេឡាជាតិសន្តិសុខសង្គម។

កន្លងទៅថ្មីៗនេះ ពលរដ្ឋហ្វីលីពីនប្រមាណ៨០០នាក់ ក៏ទទួលបានការឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ក្នុងស្ថានភាពនៃការរីករាតត្បាតនៃជំងឺកូវីដ ១៩។

បន្ថែពីនេះ ប្រទេសទាំងពីរក៏មានកិច្ចសហប្រតិបត្តិការមួយទៀតទៅលើវិស័យសន្តិសុខសង្គម តាមរយៈអនុស្សារណៈយោគយល់គ្នាមួយ រវាងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) និងអង្គការធានារ៉ាប់រងសុខភាពរបស់ហ្វីលីពីន (Philhealth) ដែលជាក្របខណ្ឌកិច្ចប្រតិបត្តិការក្នុងការសហការគ្នាចែករំលែកនូវបទពិសោធន៍ ជាពិសេសទៅលើផ្នែកបច្ចេកទេសប្រតិបត្តិការ និងការគ្រប់គ្រងប្រព័ន្ធថវិកា ហិរញ្ញវត្ថុក្នុងផ្តល់នូវកិច្ចគាំពារដល់កម្មករនិយោជិត។

ភាគីទាំងពីរនឹងបន្តពិនិត្យលើការពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត ចំពោះកិច្ចសហប្រតិការដែលមានស្រាប់ ហើយដែលអនុស្សរណៈយោគយល់គ្នាផុតសុពលភាព និងរៀបចំបន្តសុពលភាព។ ដោយមើលឃើញនូវសារសំខាន់នៃការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ភាគីទាំងពីរកំពុងខិតខំបញ្ចប់នូវសេចក្តីព្រាងអនុស្សរណ នៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ (TVET) អោយបានឆាប់ បើទោះជាបញ្ហាកូវីដ ១៩ គំរាមកំហែងក៏ដោយ ក៏ភាគីទាំងពីរ នឹងជំរុញការងារនេះ អោយក្រុមការងារបច្ចេកទេសធ្វើការជាមួយគ្នាបន្តទៀតតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឱ្យការចុះអនុស្សារណៈនេះបានឆាប់ ពីព្រោះការងារនេះគឺមានសារៈសំខាន់ផងដែរ ក្នុងការផ្តល់នូវចំណេះជំនាញ ការចែករំលែកនូវបទពិសោធន៍ ការអនុវត្តល្អៗ ពាក់ព័ន្ធជាមួយនឹងការគាំពារ ការផ្តល់នូវជំនាញវិជ្ជាជីវៈ ជាពិសេសពលករទេសន្តប្រវេសន៍ ដែលពួកគាត់ត្រូវសមារណកម្មចូលមកក្នុងប្រទេសវិញ ត្រូវចាប់យកជំនាញថ្មី ឆ្លើយតបទៅនឹងឱកាសការងារក្នុងស្រុក។

ដោយសារតែហ្វីលីពីន ជាប្រទេសមួយដែលមានបទពិសោធន៍ខ្ពស់ ហើយមានពលរដ្ឋហ្វីលីពីនធ្វើការនៅក្រៅប្រទេសជាច្រើនដែលអាចចែករំលែកចំណេះដឹង និងបទពិសោធន៍ជាច្រើនក្នុងការផ្តល់នូវការគាំពារទៅដល់ពលករទេសន្តប្រវេសន៍។

ភាគីទាំងពីរពិតជាបានសម្តែងការពេញចិត្តនឹងអ្វីដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការកន្លងមក លោកជំទាវឯកអគ្គរដ្ឋទូត បានប្តេជ្ញាថាក្នុងអាណិត្តការទូតរបស់លោកជំទាវ នឹងខិតខំពង្រីកនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀត ព្រមទាំងបង្កើតនូវសមិទ្ធផលថ្មីៗជាច្រើនទៀត ដើម្បីផលប្រយោជន៍នៃប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះភាគីហ្វីលីពីន ដែលបានជួយចែករំលែកបទពិសោធន៍ និងចំណេះដឹងល្អៗដល់កម្ពុជា ក្នុងរួមចំណែកជួយដល់ ការគាំពារកាន់តែប្រសើរឡើងដល់ពលរដ្ឋកម្ពុជាទាំងនៅក្នុង និងក្រៅប្រទេស។

សូមបញ្ជាក់ជូនថាដើម្បីលើកកម្ពស់សិទ្ធិ និងការពារពលករទេសន្តរប្រវេសន៍ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារដូចខាងក្រោម៖

– អនុស្សរណៈនៃកិច្ចព្រមព្រៀងស្តីពី “កិច្ចសហប្រតិបត្តិការលើវិស័យការងារ” (ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ) ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ នាថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១៦ នៅកម្ពុជា របស់ ឯកឧត្តម Rodrigo Duterte ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន

– សេចក្តីថ្លែងការណ៍រួមស្តីពី “ការការពារជនទេសន្តរប្រវេសន៍ និងពលករទេសន្តរប្រវេសន៍”

(ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ) ផ្ដោតលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការការពារជនទេសន្តរប្រវេសន៍ប្រទេសទាំងពីរ តាមរយៈការផ្តល់ជំនួយខាងកុងស៊ុល និងការទូតទៅវិញទៅមក ដល់ជនទេសន្តរប្រវេសន៍ និងពលករទេសន្តរប្រវេសន៍ ដែលមានឯកសារស្របច្បាប់ និងមិនមានឯកសារស្របច្បាប់ដោយស្មើភាពគ្នា។ ជាពិសេស ត្រូវតែផ្តល់ការការពារ និងយកចិត្តទុកដាក់ចំពោះស្រ្តី និងកុមារ និងអ្នករងគ្រោះដោយសារការជួញដូរ។

– បេឡាជាតិសន្តិសុខសង្គមបានចុះអនុស្សរណៈនៃកិច្ចព្រមព្រៀង និងអង្គភាពធានារ៉ាប់រងសុខភាពហ្វីលីពីន(Philhealth) នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ដែលផ្តោតសំខាន់លើ៖

– ការបង្កើតទំនាក់ទំនងវិជ្ជាជីវៈរវាង ប.ស.ស និង Philhealth

– ការចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងបច្ចេកទេស

– ជួយសម្រួលដល់ដំណើរការសិក្សារៀនសូត្រ បង្កើនប្រសិទ្ធភាពការងារ និងស័ក្តិសិទ្ធភាព តាមរយៈការចែករំលែកបទពិសោធន៍ជាក់ស្តែង៕

Related posts

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជក កម្មករ សម្រាប់ឆ្នាំ២០២៣។

Admin

ព័ត៌មានសង្ខេបជាតិ និងអន្តរជាតិប្រចាំថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ពី អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

Admin

សិក្ខាសាលាស្តីពី «លើកកម្ពស់ការយល់ដឹងការកំណត់ប្រាក់ឈ្នួលអប្បបរមាក្នុងប្រទេសកម្ពុជា»

Admin