នៅថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំរបស់ខ្លួន ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២២។ ទន្ទឹមនឹងនេះ តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក ក៏បានឯកភាពគ្នាស្នើសុំពេលពិនិត្យលើលក្ខណៈវិនិច្ឆ័យទាំង៧ ជាថ្មីម្តងទៀត ដើម្បីអោយមានសង្គតិភាពគ្នា នូវតួលេខ សម្រាប់ការពិភាក្សាបន្តនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ តាមកាលវិភាគដែលបានគ្រោងទុក។