អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

តួលេខនៃការចរចាប្រាក់ឈ្នួលមិនទាន់មានការប្រែប្រួល ដោយសហជីពនៅតែប្រកាន់ជំហរ២១៥ដុល្លារ និយោជកក៏នៅតែ២០១ដុល្លារដដែល

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន កម្មករនិយោជិត និយោជក និងអង្គការវិជ្ជាជីវៈ ឱ្យបានជ្រាបថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំរបស់ខ្លួនចាប់ពីម៉ោង ៩:០០នាទីព្រឹក ដល់ម៉ោង ១២:៤៥នាទីរសៀល ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤។

គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាសរុបមានចំនួន១៥លើក ដែលរួមមានកិច្ចប្រជុំជាលក្ខណៈទ្វេភាគី និងត្រីភាគីចំនួន៩លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗចំនួន៦លើក។ ក្នុងនោះនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ មានកិច្ចពិភាក្សាចំនួន៥លើកផ្សេងៗគ្នា ដោយមានកិច្ចប្រជុំផ្ទៃក្នុងភាគីនីមួយៗចំនួន៣លើក និងកិច្ចប្រជុំត្រីភាគីចំនួន២លើក។ ភាគីទាំងពីរបានបន្តពន្យល់គ្នាទៅវិញទៅមកលើគោលជំហររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ ហើយជាមួយគ្នានេះ តំណាងភាគីរាជរដ្ឋាភិបាលបានបន្តសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែម ពាក់ព័ន្ធនឹងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ជូនតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកផងដែរ។

ជាលទ្ធផល តំណាងភាគីកម្មករនិយោជិតបានបន្តរក្សាតួលេខចំនួន២១៥ដុល្លារអាម៉េរិក និងតំណាងភាគីនិយោជកបានបន្តរក្សាតួលេខចំនួន២០១ដុល្លារអាម៉េរិក។

អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀតនៅម៉ោង ៩:០០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ និងខិតខំបញ្ចប់កិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមា នៅត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣៕

Related posts

អបអរសាទរបងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៣

Admin

សិក្ខាសាលាចែករំលែក ចំណេះដឹង បទពិសោធន៍ស្ដីពី «ការណែនាំអាជីពការងារ និងវិជ្ជាជីវៈសម្រាប់និស្សិត និងការត្រៀមលក្ខណៈសម្បត្តិក្នុងការស្វែងរកការងារ» និង «ទស្សនៈវិស័យការងារ និង យន្តការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា»

Admin

សិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយ និងជំរុញការអនុវត្ត «ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣»

Admin