អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងពិធីបើក “សិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍ប្រាក់ឈ្នួលសកល ឆ្នាំ២០២០-២០២១” របស់អង្គការអន្តរជាតិខាងការងារ ILO តាមប្រព័ន្ធអនឡាញ

រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងពិធីបើក “សិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍ប្រាក់ឈ្នួលសកល ឆ្នាំ២០២០-២០២១” របស់អង្គការអន្តរជាតិខាងការងារ ILO តាមប្រព័ន្ធអនឡាញ

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបើក សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ប្រាក់ឈ្នួលសកល ឆ្នាំ២០២០-២០២១ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា កម្ពុជាបានបន្តដំឡើងប្រាក់ឈ្នួលអប្បបរមាពីរឆ្នាំជាប់គ្នានៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ខណៈប្រទេសក្នុងតំបន់ និងប្រទេសប្រកួតប្រជែងជាមួយកម្ពុជាបានពន្យារពេល ឬមិនបានផ្តល់ឱកាសឱ្យមានការជជែកចរចាប្រាក់ឈ្នួលអប្បបរមានោះឡើយ នៅក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។ ការដំឡើងនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការធានា និងរក្សាស្ថិរភាពជីវភាពរបស់កម្មករនិយោជិត ដោយឈរលើអភិក្រមនៃការវាយតម្លៃ តុល្យភាពរវាងផលប៉ះពាល់ជាអវិជ្ជមាន ដល់សង្គម-សេដ្ឋកិច្ច និងការងារ ទៅនឹងនិរន្តរភាពនៃរោងចក្រ សហគ្រាស និងការការពារប្រាក់ចំណូលរបស់កម្មករនិយោជិត និងគ្រួសារ ដែលស្របតាមអនុសាសន៍របស់អង្គការអន្តរជាតិខាងការងារ ILO។

សិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយរបាយការណ៍ប្រាក់ឈ្នួលសកល ឆ្នាំ២០២០-២០២១” មានគោលបំណង ដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង និងធ្វើបច្ចុប្បន្នភាពព័ត៌មានបន្ថែមអំពីការវិវឌ្ឍន៍នៃប្រព័ន្ធប្រាក់ឈ្នួលអប្បបរមានៅក្នុងតំបន់ ព្រមទាំងវិធីសាស្រ្តក្នុងការពង្រឹងស្ថាប័នទីផ្សារការងារ និងការរៀបចំគោលនយោបាយប្រាក់ឈ្នួលប្រកបដោយប្រសិទ្ធភាពក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។ គួររំលឹកផងដែរថា របាយការណ៍ប្រាក់ឈ្នួលសកល គឺជារបាយការណ៍សំខាន់មួយរបស់អង្គការអន្តរជាតិខាងការងារ (ILO) ដែលបានចេញផ្សាយរៀងរាល់ពីរឆ្នាំម្តង។ របាយការណ៍ដែលបានចេញផ្សាយក្នុងឆ្នាំ ២០២០-២០២១ នេះ បានសិក្សាពីប្រព័ន្ធប្រាក់ឈ្នួលអប្បបរមានៅទូទាំងពិភពលោក និងតួនាទីរបស់ប្រាក់ឈ្នួលអប្បបរមាក្នុងការកាត់បន្ថយវិសមភាពសង្គម ព្រមទាំងរបៀបនៃការកំណត់ ឬការចរចាប្រាក់ឈ្នួលអប្បបរមាដែលអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩។ សិក្ខាសាលានេះក៏បានបង្ហាញយ៉ាងច្បាស់នូវការបន្តការគាំទ្រយ៉ាងសកម្មរបស់អង្គការ ILO ជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត, លើកកម្ពស់ភាពទាក់ទាញ និងភាពអំណោយផលនៃបរិយាកាសសម្រាប់សកម្មភាពធុរកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា និងសំដៅឆ្លើយតបទៅនឹងនិន្នាការនៃការផ្លាស់ប្តូរក្នុងនិម្មាបនកម្មសេដ្ឋកិច្ច និងទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងថា សិក្ខាសាលានេះ គឺជាសង្ខីភាពថ្មីមួយបន្ថែមទៀតក្នុងវិស័យការងារ ដែលឆ្លុះបញ្ជាំងពីសារៈសំខាន់របស់ស្ថាប័នក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករនិយោជិត និងសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ។ លើសពីនេះ ក្រសួងនឹងបន្តខិតខំបន្ថែមទៀត ក្នុងការពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការងារ ការពង្រឹងពង្រីកយន្តការនិងសមត្ថភាពស្ថាប័ន និងបង្កើនកិច្ចសហការជាមួយដៃគូរពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យប្រាក់ឈ្នួលអប្បបរមាកាន់តែមានភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសង្ឃឹមជឿជាក់ថា សមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលតំណាងឱ្យភាគីរាជរដ្ឋាភិបាល តំណាងឱ្យភាគីនិយោជក និង តំណាងឱ្យភាគីកម្មករនិយោជិត នឹងទទួលបាននូវចំណេះដឹង ព័ត៌មាន និងបទពិសោធន៍ល្អៗពីការវិវឌ្ឍន៍នៃការអនុវត្តប្រព័ន្ធប្រាក់ឈ្នួល ប្រាក់ឈ្នួលអប្បបរមា ពីបណ្តាប្រទេសផ្សេងៗ ដើម្បីជាមូលដ្ឋានបន្ថែមទៀតក្នុងពង្រឹងយន្តការកំណត់ប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិត។

Related posts

កិច្ចពិភាក្សាប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៤ នៅតែមិនទាន់សម្រេច ខណៈនិយោជកដាក់តួលេខ ២០១,៥ដុល្លារអាម៉េរិក, រាជរដ្ឋាភិបាលទើបបញ្ចេញតួលេខ ២០២ដុល្លារអាម៉េរិក, សហជីពស្នើតួលេខ២ផ្សេងទៀត

Admin

សិក្ខាសាលាចែករំលែក ចំណេះដឹង បទពិសោធន៍ស្ដីពី “ការណែនាំអាជីពការងារ និងវិជ្ជាជីវៈសម្រាប់និស្សិត និងការត្រៀមលក្ខណៈសម្បត្តិក្នុងការស្វែងរកការងារ” និង “ទស្សនៈវិស័យការងារ និង យន្តការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា” ដែលត្រូវបានរៀបចំឡើងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI)

Admin

មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញចែករំលែកចំណេះដឹងស្តីពី គោលនយោបាយការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ

Admin