អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

គោលនយោបាយជាតិស្ដីពីមុខរបរនិងការងារ៖ បង្កើនឱកាសការងារសមរម្យ លើកកម្ពស់ជំនាញវិជ្ជាជីវៈ និងពង្រឹងអភិបាលកិច្ចទីផ្សារការងារ

(ភ្នំពេញ)៖គណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្ត គោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំលើកទី៥របស់ខ្លួន តាមប្រព័ន្ធវីដេអូ (Zoom) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥។

កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ អភិបាល និង អភិបាលរងរាជធានី-ខេត្ត ដែលជាសមាជិក សមាជិការនៃគណ:កម្មការអន្តរក្រសួង ព្រមទាំងតំណាងអង្គការអន្តរជាតិខាងការងារ (ILO)។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងវាយតម្លៃពីវឌ្ឍនៈភាពនៃការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ និងបញ្ហាប្រឈមនៅក្នុងបរិបទជំងឺកូវីដ-១៩។

ឯកឧត្តមបណ្ឌិត អុិត សំហេង បានស្នើសុំថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត វិស័យឯកជន បង្កើនការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការចូលរួមអនុវត្តគោលនយោបាយនេះ ដើម្បីធ្វើការផ្លាស់ប្តូរ និងលើកស្ទួយរចនាសម្ពនឧស្សាកម្ម ពីឧស្សាហកម្មអតិពលកម្មទៅជាឧស្សាហកម្មពលកម្មផ្អែកលើជំនាញនៅឆ្នាំ២០២៥ ក៏ដូចជាការលើកកម្ពស់ការប្រកួតប្រជែង និងផលិតភាព សំដៅប្រែក្លាយពីឧស្សាហកម្មមានតម្លៃបន្ថែមទាបទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ស្របតាមគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានកំណើនខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់ភាពសុខដុមក្នុងសង្គម ដោយផ្តល់ជូនប្រជាពលរដ្ឋនូវឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពការងារខ្ពស់ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិត អុិត សំហេង ក៏បានបញ្ជាក់បន្ថែមថា ក្នុងការអនុវត្តគោលនយោបាយជាតិនេះ ក្រសួង ស្ថាប័នជាច្រើន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវចូលរួមអនុវត្ត ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រាន់តែមានតួនាទីជាលេខាធិការដ្ឋានសម្រាប់សម្របសម្រួលការអនុវត្តនេះតែប៉ុណ្ណោះ។ នេះមានន័យថា ការចូលរួមយ៉ាងសកម្មពីសំណាក់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ពិតជាមានភាពចាំបាច់ណាស់ ដើម្បីជំរុញឲ្យការអនុវត្តគោលនយោបាយនេះកាន់តែមានប្រសិទ្ធភាព និងលទ្ធផលកាន់តែប្រសើរ។

ឯកឧត្តមបណ្ឌិត អុិត សំហេង បានថ្លែងអំណរគុណចំពោះអង្គការអន្តរជាតិខាងការងារ (ILO) ដែលតែងតែបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការផ្តល់ជំនួយថវិកា ព្រមទាំងបច្ចេកទេសមកលេខាធិការដ្ឋាន គ.អ.ម.ក នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការសម្របសម្រួលការអនុវត្តគោលនយោបាយនេះ។ អង្គការអន្តរជាតិខាងការងារ (ILO) គឺជាដៃគូយ៉ាងសំខាន់ដែលមិន អាចខ្វះបាននៅក្នុងការអភិវឌ្ឍន៍វិស័យការងារនៅកម្ពុជា៕

Related posts

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសលទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

bun

រដ្ឋមន្ត្រីក្រសួងការងារ៖ ការវិនិយោគលើការអភិវឌ្ឍន៍ជំនាញ មុខរបរ និងការងាររបស់យុវជននៅថ្ងៃនេះ គឺជាការវិនិយោគសង្គមរបស់យើងនាបច្ចុប្បន្ន និងអនាគត

Admin

លិខិតគោរពជូនពរពី អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

Admin