អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសារជាថ្មី ជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានអញ្ជើញបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ ឈ្នួលអប្បបរមា អាណត្តិទី២ ឆ្នាំទី២ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នាទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានលើកឡើងថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានដើរតួនាទីជាយន្តការត្រីភាគីក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ស្របតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា នឹងទទួលបានការទទួលស្គាល់ដោយទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធថា ជាយន្តការដ៏គំរូមួយប្រកបដោយតម្លាភាព និងមានការចូល រួមពីគ្រប់ភាគី ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និងសុខុមាលភាពរបស់កម្មករនិយោជិត។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ទោះបីជា យន្តការត្រីភាគីនេះទទួលបានវឌ្ឍនភាពជាទីមោទនៈនាពេលកន្លងមកក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹង និងកែលម្អយន្តការនេះជាប្រចាំដើម្បីឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ច និងសង្គមដែលមានការផ្លាស់ប្តូរយ៉ាងឆាប់ រហ័ស ជាពិសេសក្នុងកំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩នេះ។

គួរបញ្ជាក់ដែរថា សម្រាប់ឆ្នាំ២០២២ និង២០២៣នេះ ស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅបន្តគំរាមកំហែងដល់សេដ្ឋកិច្ចរបស់ប្រទេសជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា និងបង្កជាហានិភ័យដល់ ដំណើរការផលិតកម្ម, ការនាំចេញ, និងសេដ្ឋកិច្ចសកលលោកទាំងមូល។ លើសពីនេះ សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន, ការរឹតបណ្តឹងគោលនយោបាយរូបិយវត្ថុ និងការដកចេញនូវវិធានការគាំទ្រ ជាបន្តបន្ទាប់របស់បណ្តាប្រទេសសេដ្ឋកិច្ចអភិវឌ្ឍន៍, ការថមថយសេដ្ឋកិច្ចជារចនាសម្ព័ន្ធ និងគោលនយោបាយគ្មានកូវីដ-១៩ របស់ប្រទេសចិន, និងគម្លាតធំនៃការបែងចែកវ៉ាក់សាំងកូវីដ-១៩ ក្នុងកម្រិតសកល ក៏នឹងអាចធ្វើឱ្យមានស្ថានភាពមិនប្រាកដប្រជា ដែលអាចប៉ះពាល់ដល់ការនាំចេញផលិតផលវាយនភណ្ឌ កាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបរបស់កម្ពុជា ផងដែរ។

ទោះជាយ៉ាងណាក្ដី ការរក្សាការងាររបស់កម្មករនិយោជិត និងការបង្កើតឱកាសការងារដល់យុវជន ដែលដល់អាយុនឹងចូលទីផ្សារការងារនៅតែជាកត្តាចាំបាច់ ហើយកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីនាពេលខាងមុខ។

ក្រោយពីបានពិនិត្យនូវបច្ចុប្បន្នភាពតួលេខបែបវិទ្យាសាស្រ្ត និងបានស្តាប់គោលជំហរពីតំណាងភាគីនីមួយៗ ទៅលើបម្រែបម្រួលលក្ខណវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ប៉ុន្តែភាគីតំណាងនិយោជក និងភាគីតំណាងកម្មករនិយោជិត មិនទាន់អាចបញ្ជាក់បាននូវតួលេខដែលជាគោលជំហរផ្លូវការរបស់ខ្លួននៅឡើយ ដោយស្នើសុំប្រជុំផ្ទៃក្នុងរបស់ខ្លួនម្តងទៀតសិន។

ជាចុងក្រោយតំណាងភាគីនីមួយបានឯកភាពគ្នាក្នុងការរៀបចំកិច្ចប្រជុំបន្តបន្ទាប់នៅថ្ងៃទី២៤, ទី៣១ ខែសីហា, ទី៧, ទី១៤, ទី២២ និងទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

គួររំឭកជូនផងដែរថា ចាប់ពីឆ្នាំ២០១៩ យោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (ក.ជ.ប.អ) ដែលជាយន្តការត្រីភាគី ដែលមានសំឡេងស្មើៗគ្នា ពីគ្រប់ភាគី (១៧-១៧-១៧) ត្រូវបានបង្កើតឡើង ស្របតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បរបមា។ ជាលទ្ធផល ជាលទ្ធផលក្រោមយន្តការត្រីភាគីនេះ ប្រាក់ឈ្នួលអប្បបរមាត្រូវបានដំឡើងជាបន្តបន្ទាប់ ដែលក្នុងនោះ ការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២០ មានចំនួន១៩០ដុល្លារអាម៉េរិក/ខែ ឆ្នាំ២០២១ ចំនួន ១៩២ដុល្លារអាម៉េរិក/ខែ និងឆ្នាំ២០២២ ចំនួន ១៩៤ដុល្លារអាម៉េរិក/ខែ។ ដូចនេះនៅក្នុងឆ្នាំ២០២២ ប្រសិនបើបូកនឹងប្រាក់ឧបត្ថម្ភផ្សេងៗបន្ថែម កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួលចន្លោះពី២១១ ទៅ ២២២ដុល្លារអាម៉េរិកក្នុងមួយខែ។

Related posts

សេចក្តីថ្លែងការណ៍របស់ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

Admin

សារលិខិតអបអរសាទរ និងគោរពជូនពរ ឯកឧត្តម​ អ៊ុច​ បូររិទ្ធ ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជា “អនុប្រធានទី២​ ព្រឹទ្ធសភា”

Admin

វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ជាវិស័យទ្រទ្រង់សេដ្ឋកិច្ច និងនាំចេញសំខាន់ជាងគេរបស់កម្ពុជា

Admin